ក្រុម​ហ៊ុន​ជប៉ុន​វិនិយោគ​ខុនដូ​តម្លៃ​ជាង $២០០​លាន

ទីក្រុងភ្នំពេញក្នុងពេល ៣ ឆ្នាំខាងមុខ៖ យោងតាម លោក ហេង ពណ្ណរាយ អ្នកគ្រប់ គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំក្រុមហ៊ុន Creed បានថ្លែងថា គម្រោងខុនដូ Bodaiju Residences ដែលមានទីតាំងនៅជិត ព្រលានយន្តហោះភ្នំពេញ ជាមួយនឹងទឹកប្រាក់វិនិយោគចំនួន ១៣៤ លានដុល្លារអាមេរិក និងមាន ៩២៨បន្ទប់នេះ នឹងជាគម្រោងលើកដំបូងដែលនឹងត្រូវចាប់ផ្តើមដំណើរការ។ ការសាងសង់គ្រោងចាប់ផ្ដើមក្នុងខែនេះ ហើយនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០១៧។

2

លោកមានប្រសាសន៍ថា៖ «យើងគិតថា មានតម្រូវការខ្ពស់សម្រាប់គម្រោងខុនដូ Bodaiju ដោយសារតែខុនដូរបស់យើងមិនមែនមានទីតាំងនៅក្នុងទីក្រុង»។ លោកបន្តថា៖ «ខុនដូរបស់យើងមានទីតាំងនៅក្រៅព្រលានយន្តហោះ»។

លោក ហេង ពណ្ណរាយ បានថ្លែងថា គម្រោងខុនដូ Bodaiju នឹងផ្តោតលើអ្នកទិញអចលនទ្រព្យជាជនបរទេស ពោលគឺម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងរោងចក្រជាន់ខ្ពស់ ជាពិសេសរោងចក្រទាំងនោះមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទីតាំងនៅជិតនឹងព្រលានយន្តហោះផងដែរ។

យោងតាមលោក ហេង ពណ្ណរាយ ខុនដូដែលមានមួយបន្ទប់ ពីរបន្ទប់ និងបីបន្ទប់នេះ នឹងច្របាច់បញ្ចូលគ្នានូវស្ថាបត្យកម្មបារាំង និងជប៉ុន ហើយតម្លៃលក់សុទ្ធជាមធ្យមសម្រាប់គម្រោងខុនដូ Bodaiju នឹងមានតម្លៃ ១ ៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោក ពណ្ណរាយ បានថ្លែងថា គម្រោងពីរផ្សេងទៀតគឺគម្រោង Arata Garden Residences និងគម្រោង Maha Sem Sok នឹងចំណាយប្រាក់ប្រហែល ១១៤ លានដុល្លារអាមេរិក និងមានទីតាំងនៅកាន់តែជិតទីក្រុងជាង ប៉ុន្តែនៅតែនៅជាយក្រុងភ្នំពេញដដែល។ ការអភិវឌ្ឍទាំងនេះនឹងជាគម្រោងលំនៅឋានដែលមានតម្លៃសមរម្យផ្តោតអ្នកទិញជនជាតិកម្ពុជាមានប្រាក់ចំណូលគ្រប់លំដាប់ថ្នាក់។

លោកបន្ថែមថា ព័ត៌មានបន្ថែមនឹងមាននៅខែក្រោយ។

លោក អ៊ឹម ឈុនលឹម រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃ ព្រហស្បតិ៍ ថា៖ «កំណើនវិនិយោគិនឯកជនជប៉ុន [ក្នុងប្រទេសកម្ពុជា] កំពុងឆ្លុះបញ្ចាំងពីទំនុកចិត្តចំពោះគោលនយោបាយបើកចំហសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ដែលទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន នឹងមានការរីកចម្រើនទៅមុខដោយរលូន នៅពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកើតមានឡើងនៅចុងឆ្នាំនេះ»។

លោក សឹង ប៊ុណ្ណា នាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប បានស្វាគមន៍ដល់ការបន្ថែមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងទីផ្សារ ប៉ុន្តែលោកបានព្រមានថា ក្រុមហ៊ុនអចលនទ្រព្យ នានាត្រូវវាយតម្លៃទីផ្សារដោយប្រុងប្រយ័ត្នដើម្បីធានាឲ្យប្រាកដថា តម្រូវការពិតជាមានមែន។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចាំបាច់ត្រូវដឹងពីទំហំនិងលទ្ធភាពទីផ្សារក្នុងស្រុករបស់ពួកគេ និងវាយតម្លៃថាតើពួកគេអាចទាក់ទាញវិនិយោគិនបរទេសបានដែរ ឬយ៉ាងណា?

លោកបានលើកឡើងថា៖ «ដូច្នេះប្រសិនបើក្រុមហ៊ុនអភិវឌ្ឍអាចលក់យ៉ាងហោចណាស់ ៥០ ភាគរយនៃការចំណាយការអភិវឌ្ឍលំនៅឋានរបស់ខ្លួនទៅឲ្យវិនិយោគិនបរទេស នៅពេលនោះខ្ញុំគិតថា ពួកគេនឹងមានតម្រូវការថ្មី ដែលមានន័យថាវានឹងល្អប្រសើរ»។

លោកមានប្រសាសន៍បន្តថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន ពួកគេចូលមក និងរៀបចំផែនការថា កម្ពុជាមានតម្រូវការអចលនទ្រព្យច្រើន ប៉ុន្តែ ទីផ្សារក្នុងស្រុកនៅពេលនេះគឺពេញហើយ។ បច្ចុប្បន្ន ទីផ្សារមានទំហំតូចណាស់»៕ LA